
នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មានតម្លៃដូចជាបូរណភាពដែនដីមួយដែរសម្រាប់អ៊ីរ៉ង់ និងជាប្រធានបទដែលធ្លាប់ខ្ទាស់កិច្ចចរចាអស់ជាច្រើនឆ្នាំមកហើយ។ តើគេអាចមានជម្រើសអ្វីខ្លះ ក្នុងដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បីឱ្យអ៊ីរ៉ង់អាចទទួលយកបាន? នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក បានចេញសេចក្តីប្រកាសច្រើនណាស់ ថាជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ហើយ។ ចំណុចខ្ទាស់សំខាន់ៗត្រូវបានដោះស្រាយរួច ជាពិសេសចំណុចទាក់ទងនឹងនុយក្លេអ៊ែរ ដែលជាស្នូលនៃជម្លោះរវាងប្រទេសទាំងពីរតាំងពីយូរយារមក។ បើតាមលោកត្រាំ អ៊ីរ៉ង់ព្រមផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចឱ្យសហរដ្ឋអាមេរិកទៀតផង។ អាមេរិកនឹងយកចបជីកយក្សទៅឆ្កឹះយកលម្អងអ៊ុយរ៉ានីញ៉ូមទាំងអស់ពីអ៊ីរ៉ង់ ដោយគ្មានបង់ប្រាក់មួយរៀលទេ។ ពាក្យថាលម្អងអ៊ុយរ៉ានីញ៉ូម សម្រាប់លោកត្រាំ គឺចង់សំដៅលើសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរួច ដែលទុកនៅក្នុងឃ្លាំងស្តុក។ ប៉ុន្តែដោយជាក់ស្តែង គេមិនអាចយកចបទៅជីកដឹកសារធាតុអ៊ុយរ៉ានីញ៉ូមពីអ៊ីរ៉ង់ដោយស្រួលៗ ដូចសំដីថាលោកត្រាំឡើយ។ ហើយអ៊ីរ៉ង់ក៏បានបដិសេធទៀតថាគ្មានការយល់ព្រមបែបនេះទេ។ សារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរួច មិនអាចផ្ទេរចេញពីទឹកដីអ៊ីរ៉ង់ជាដាច់ខាត។ អ៊ុយរ៉ានីញ៉ូមនិងទឹកដីអ៊ីរ៉ង់ជាវត្ថុសក្តិសិទ្ធ។ ជាបញ្ហាដ៏សំខាន់បំផុតសម្រាប់អ៊ីរ៉ង់។ នេះបើតាមពាក្យអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។ នៅថ្ងៃអាទិត្យទី១៩មេសានេះ ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថែមទៀតលោកត្រាំមិនអាចកំណត់សិទ្ធិអ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរបានទេ។ អ៊ីរ៉ង់គ្មានមហិច្ឆតាផលិតគ្រាប់បែកនុយក្លេអ៊ែរទេ តែអ៊ីរ៉ង់ចាំបាច់ត្រូវការពារសិទ្ធិមាននុយក្លេអ៊ែរស៊ីវិល។ នេះបើតាមប្រសាសន៍របស់លោកប្រធានាធិបតីអ៊ីរ៉ង់ដដែល។ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់រងការខូចខាតជាដំណំដោយសង្គ្រាម១២ថ្ងៃ កាលពីខែមិថុនា២០២៥ និងដោយការប្រតិបត្តិការអាមេរិកអ៊ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍មកនេះ។ ប៉ុន្តែបើតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ អ៊ីរ៉ង់នៅមានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនបាន ៦០% (បើដល់៩០%នឹងអាចផលិតគ្រាប់បែកបរមាណូបាន) ចំនួនជាង៤៤០គីឡូក្រាម គិតត្រឹមខែមិថុនា២០២៥ ស្តុកទុកនៅបីកន្លែងគឺ Fordo, Natanz et Ispahan ព្រមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់បាន២០% ចំនួន១៨០គីឡូក្រាម និងជាង៦តោន អ៊ុយរ៉ានីញ៉ូមចម្រើនបាន៥%។ តែពេលនេះគេមិនដឹងអំពីបរិមាណពិតប្រាកដនៃអ៊ុយរ៉ានីញ៉ូមក្នុងស្តុកទេ។ ទន្ទេញពីសិទ្ធិនៃការចម្រើនធាតុអ៊ុយរ៉ានីញ៉ូមជាប្រយោជន៍ស៊ីវិល អ៊ីរ៉ង់មិនអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចូលទៅពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែររងការខូចខាតនោះទេ។ គ្រាន់តែថានៅក្នុងការចរចាលើកនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌស្វែងរកសន្តិភាព។ ដូច្នេះវាជារឿងធម្មតាដែលត្រូវក្តោបប្រធានបទច្រើន ក្តោបទាំងបញ្ហាអ៊ុយរ៉ានីញូមនេះផង។ ប្រសិនបើភាគីទាំងពីររកឃើញកិច្ចព្រមព្រៀងមែន នោះគេអាចនឹងមានសំណើច្រើនទាក់ទងការផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់។ ទីមួយ គឺការផ្ទេរស្តុកអ៊ុយរ៉ានីញ៉ូមចម្រើនធាតុហើយទៅកាន់ប្រទេសទីបី ដូចជារុស្ស៊ី អាមេរិក ឬប៉ាគីស្ថាន។ ប្រទេសនុយក្លេអ៊ែរទាំងបី មានរចនាសម្ព័ន្ធ និងសមត្ថភាពបច្ចេកទេសទទួលស្តុកអ៊ុយរ៉ានីញ៉ូមចម្រើនធាតុហើយដោយសុវត្ថិភាពបាន។ អ៊ីរ៉ង់ ធ្លាប់ផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រើនធាតុហើយមួយភាគទៅរុស្ស៊ី ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ដែលលោកត្រាំរិះគន់និងបានដកខ្លួនចេញជាឯកតោភាគីនៅឆ្នាំ២០១៨។ ដូច្នេះជម្រើសផ្ទេរទៅរុស្ស៊ីប្រហែលមិនត្រូវបានយកមកប្រើទៀតទេ ព្រោះបរិមាណអ៊ុយរ៉ានីញ៉ូមចម្រើនហើយពេលនេះខ្ពស់ខ្លាំងជាងមុនច្រើនផង ទំនាក់ទំនងអាមេរិករុស្ស៊ីក៏មិនល្អដូចពេលមុនផង។ នេះបើតាមទស្សនៈរបស់អ្នកស្រាវជ្រាវបារាំង Héloïse Fayet។ នៅតែអាមេរិកនិងប៉ាគីស្ថាន ឬនៅអ៊ីរ៉ង់ខ្លួនឯងដែលជាជម្រើសទីពីរ។ ជម្រើសនេះ គឺការរំលាយស្តុកអ៊ុយរ៉ានីញ៉ូម នៅក្នុងផ្ទៃប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្តង។ បារាំងយល់ថាដំណើរការរំលាយស្តុកអ៊ុយរ៉ានីញ៉ូមត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូ AIEA ដោយបញ្ជូនអធិការកិច្ចជាច្រើនរូបទៅអ៊ីរ៉ង់ផង និងដើម្បីតម្លាភាពផង។ ការរំលាយស្តុកធ្វើជាសំខាន់លើអ៊ុយរ៉ានីញ៉ូមចម្រើនធាតុ៦០% និង២០% ដោយអាចជាការលាយល្បាយអ៊ុយរ៉ានីញ៉ូមធម្មជាតិ ដើម្បីបញ្ចុះការចម្រើនធាតុមកក្រោម៥%។ ត្រឹម៥%ជាកំរិតគ្មានគ្រោះថ្នាក់តាមផ្លូវយោធា តែអាចជាប្រយោជន៍សម្រាប់ទាញថាមពលដើរដោយម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ។ ប៉ុន្តែតើអាមេរិកព្រមឱ្យអ៊ីរ៉ង់រំលាយស្តុកបែបនេះ ឬទេ? នេះជាបន្ទាត់ក្រហមដែលអាមេរិកក៏ដូចជាអ៊ីរ៉ង់បានដាក់ជាលក្ខខណ្ឌមិនឱ្យរំលងដូចគ្នា ៖ អាមេរិកត្រូវការឱ្យគ្មានសកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូមសោះ នៅលើទឹកដីអ៊ីរ៉ង់។ ឯអ៊ីរ៉ង់ ដាច់ខាតមិនបញ្ឈប់កម្មវត្ថុនុយក្លេអ៊ែរស៊ីវិលនេះទេ។ ដូច្នេះការចរចាអាចនៅវែងឆ្ងាយទៀតណាស់៕
Podzilla Summary coming soon
Sign up to get notified when the full AI-powered summary is ready.
Free forever for up to 3 podcasts. No credit card required.

តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង OPEP-OPEC?

សង្រ្គាមនៅដើមបូព៌ាជាមេរៀនសម្រាប់ប្រទេសនៅឈូងសមុទ្រដឹងថា គេមិនអាចពឹងផ្អែកតែលើមហាអំណាចតែមួយ
Free AI-powered recaps of ទស្សនៈព្រឹត្តិការណ៍ពិភពលោក and your other favorite podcasts, delivered to your inbox.
Free forever for up to 3 podcasts. No credit card required.