
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។ ជាមហាសេដ្ឋីប្រេង ប៉ុន្តែ គ្មានអំណាច គ្មានកម្លាំងយោធា ដើម្បីការពារខ្លួនពីគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ រឹតតែអាក្រក់ និងសោកសង្រេងជាងនោះទៀត គឺប្រទេសអ្នកមាននៅឈូងសមុទ្រពែក្ស ទាំងនោះគ្មានសិទ្ធិ គ្មានសំឡេង គ្មានគេអញ្ជើញឲ្យចូលរួមនៅក្នុងការចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ នោះបើទោះបីជាពួកគេរងគ្រោះ បាត់បង់ប្រយោជន៍សេដ្ឋកិច្ច ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រោះតែគ្រាប់មីស៊ីល និងដ្រូន នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក។ គ្មានសិទ្ធិលើកដៃនិយាយ ប្រទេសមហាសេដ្ឋីប្រេងបារម្ភខ្លាចខ្លាំងបំផុត គឺរាល់ការសម្រេចចិត្តនានានៅក្នុងការចរចាអ៊ីរ៉ង់ សហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានសួរសុំយោបល់ ឬគិតគូរដល់ផលប្រយោជន៍របស់ប្រទេសនៅឈូងសមុទ្រ ដែលកំពុងជាប់គាំងទាំងសេដ្ឋកិច្ច និងសន្តិសុខ ព្រោះតែសង្រ្គាមអាមេរិកវាយប្រហារលើអ៊ីរ៉ង់។ មានរឿងពីរដែលធ្វើឲ្យក្រុមប្រទេសនៅឈូងសមុទ្រពែក្សនៅមិនស្រណុក នៅពេលឃើញលោកត្រាំចង់ចរចាបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ ទី១ គេបារម្ភខ្លាចថា ការចរចារបស់អាមេរិកផ្តោតច្រើនតែទៅលើកម្មវិធីនុយក្លេអ៊ែរយោធារបស់អ៊ីរ៉ង់ ហើយភ្លេចមិនដាក់សម្ពាធលើអ៊ីរ៉ង់ ក្នុងសំណុំរឿងសព្វាវុធមីស៊ីលដ្រូន។ រអិលខ្លួនក្នុងសង្រ្គាមវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ព្រោះតែបានផ្តល់ទីតាំងជាមូលដ្ឋានទ័ពរបស់អាមេរិក ក្រុមប្រទេសឈូងសមុទ្រពែក្សបានរងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងសង្រ្គាមជាង៦សប្តាហ៍។ ដូច្នេះ ពួកគេចាប់អារម្មណ៍ចង់បានជាងគេ គឺការដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធនៅក្នុងតំបន់ដែលគាំទ្រអ៊ីរ៉ង់ និងបញ្ហាមីស៊ីល ដូចជា ការដាក់ទណ្ឌកម្ម ឬរឹតបន្តឹងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាដើម។ ទី២ គេខ្លាចថា អាមេរិករបស់លោកដូណាល់ ត្រាំនឹងចរចា សុខចិត្តយល់ព្រមឲ្យអ៊ីរ៉ង់មានសិទ្ធិចូលទៅគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បីបញ្ចប់សង្រ្គាម និងឈានទៅស្តារឡើងវិញ ស្ថិរភាពសេដ្ឋកិច្ចសកល។ នៅត្រង់ចំណុចនេះ ប្រទេសមហាសេដ្ឋីប្រេង ដូចជាអារ៉ាប៊ី សាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់បារម្ភខ្លាចថា បើសិនអ៊ីរ៉ង់បានសិទ្ធិគ្រប់គ្រងច្រកសមុទ្រអកមូហ្សផ្តាច់មុខ នោះអ៊ីរ៉ង់នឹងរឹតតែបានដៃ ធ្វើផ្គរធ្វើភ្លៀង ដើម្បីកម្រិតបរិមាណផលិតប្រេងរបស់ប្រទេសដទៃដែលជាគូប្រជែងរបស់អ៊ីរ៉ង់។ ប្រទេសនៅក្នុងឈូងសមុទ្រពែក្សរឹតតែបារម្ភខ្លាំងទៅទៀត នៅពេលលឺលោកត្រាំ ពន្លយថា អាមេរិកនិងអ៊ីរ៉ង់អាចចាប់ដៃសហការគ្នាគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បីត្រួតពិនិត្យ ទារថ្លៃពីកប៉ាល់ដែលចេញចូលទៅក្នុងឈូងសមុទ្រពែក្ស។ បើសិនសំដីរបស់លោកត្រាំក្លាយជារឿងពិត នោះវាមានន័យទៅច្របាច់ក ដាក់សម្ពាធមួយជាន់ទៀតលើក្រុមប្រទេសមហាសេដ្ឋីប្រេង ដែលខាតបង់ ខូចខាតក្រាសក្រែលរួចទៅហើយ ព្រោះតែសង្រ្គាមអ៊ីរ៉ង់រាលដាលឆាបឆេះទៅជាសង្រ្គាមនៅដើមបូព៌ា។ សង្រ្គាមអ៊ីរ៉ង់បញ្ឆេះដោយអាមេរិក និងអ៊ីស្រាអែលបានធ្វើឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្សភ្លឺភ្នែក ស្គាល់ច្បាស់អាមេរិក និងអ៊ីរ៉ង់។ ទី១ គេមិនអាចមើលស្រាលអ៊ីរ៉ង់។ ទី២ អាមេរិកដែលជាសម្ព័ន្ធមិត្ត ធ្លាប់ចុះកិច្ចព្រមព្រៀងយោធា និងសន្យាការធានាការពារសន្តិសុខឲ្យសម្ព័ន្ធមិត្តអារ៉ាប់ បែរជាសម្រេចចិត្តធ្វើសង្រ្គាមច្បាំងនឹងអ៊ីរ៉ង់ ដោយគ្មានសាកសួរយោបល់ ឬបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់ ទៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ លោកMohammed Baharron អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយសាធារណៈនៅទីក្រុងឌូបៃ និយាយថា សង្រ្គាមអ៊ីរ៉ង់ជាមេរៀនសំខាន់មួយដែលធ្វើឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្សដឹងថា ជាការពិត អាមេរិកមានសមត្ថភាពយោធាខ្លាំងជាងគេឯង ដោយអាចជួយការពារផ្ទៃមេឃរបស់ប្រទេសនៅក្នុងតំបន់ពីការគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ ប៉ុន្តែ ភាពទ័លច្រករបស់អាមេរិក ដោយមិនអាចវាយបំបែកឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅច្រកសមុទ្រ ក៏ឆ្លុះបញ្ចាំងឲ្យឃើញដែរថា យោធាអាមេរិកនៅមានចំណុចខ្សោយខ្លះដែរ។ ដូច្នេះ ចង់ ឬមិនចង់ មេរៀនដែលគេត្រូវចងចាំពីសង្រ្គាមនៅអ៊ីរ៉ង់លើកនេះ គឺ គេត្រូវកាត់បន្ថយការពឹងផ្អែកទៅលើមហាអំណាចតែមួយ។ អំណើះតទៅ ត្រូវមានប្រទេសមហាអំណាចច្រើន ជាខ្នងបង្អែក ទើបធានាថា សន្តិសុខ ផលប្រយោជន៍របស់ក្រុមប្រទេស នៅឈូងសមុទ្រពែក្ស ត្រូវគេគិតគូរ យកចិត្តទុកដាក់និងឲ្យតម្លៃ។ ចំណុចនេះ សំខាន់ណាស់ ព្រោះថា សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាអ្វីដែលប្រទេសមហាសេដ្ឋីប្រេង ត្រូវការចាំបាច់បំផុតដើម្បីជំរុញសេដ្ឋកិច្ច វឌ្ឍនភាពជាតិ៕
Podzilla Summary coming soon
Sign up to get notified when the full AI-powered summary is ready.
Free forever for up to 3 podcasts. No credit card required.

តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង OPEP-OPEC?

សង្គ្រាមអ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?
Free AI-powered recaps of ទស្សនៈព្រឹត្តិការណ៍ពិភពលោក and your other favorite podcasts, delivered to your inbox.
Free forever for up to 3 podcasts. No credit card required.